ប្រធានបែបពិភាក្សា
ប្រធានបែបពិភាក្សា
ប្រធានៈ គេនិយាយថា «ទុំមានកម្ម បានជាត្រូវអរជូនយកទៅសម្លាប់»។
តែតាមដំណើររឿងអ្នកខ្លះយល់ថា «ទុំស្លាប់ព្រោះទុំមិនប្រើបញ្ញាត្រិះរិះ»។ ចូរពិភាក្សា
ដោយឆ្លុះបញ្ចាំងតាមរយៈរឿងទុំទាវ។
សេចក្ដីអធិប្បាយ
មនុស្សគ្រប់រូប
ពុំមានបុគ្គលណាមួយមានជីវិតអមតៈឡើយ
គឺតែងតែរូបស្លាប់ទៅវិញជាការធម្មតាគ្រាន់តែការស្លាប់នោះមានមូលហេតុផ្សេងៗគ្នា
គឺខ្លះស្លាប់ដោយជំងឺបៀតបៀន ខ្លះស្លាប់ដោយចេតនាសម្លាប់ពីសំណាក់បុគ្គលណាម្នាក់។
ជុំវិញនៃការស្លាប់នេះ កវីសោមក៏បានលាតត្រាជាងតាមរយៈតួអង្គទុំក្នុងរឿងទុំទាវដែរ
ហើយនាំឲ្យគេនិយាយថា «ទុំមានកម្ម បានជាត្រូវអរជូនយកទៅសម្លាប់»។ តែតាមដំណើររឿង
អ្នកខ្លះយល់ថា«ទុំស្លាប់ ព្រោះទុំមិនប្រើបញ្ញាត្រិះរិះ»។
តើមតិទាំងពីខាងលើនេះ
មួយណាត្រឹមត្រូវជាង?
ដើម្បីជាជំនួយ
ដល់ការបកស្រាយមតិប្រធានខាងលើនេះ យើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុនសិន។
ពាក្យថា«កម្ម»នៅពេលនេះគឺសំដៅទៅលើអំពើល្អ ឬអំពើអាក្រក់
ដែលខ្លួនបានប្រព្រឹត្តកន្លងមកកសាងយ៉ាងណាក៏ទទួលបានផលយ៉ាងនោះ។ រីឯ«បញ្ញាត្រិះរិះ» គឺជាការប្រើប្រាស់គំនិត
ឬប្រាជ្ញារបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាណាមួយចំពោះមុខ។ តាមមតិទីមួយមានន័យថា
ដោយសារតែទុំបានប្រព្រឹត្តអំពើមិនល្អបានជាអរជូនយកទុំទៅសម្លាប់ ហើយមតិទីពីរ
មានន័យថាទុំបាត់បង់ជីវិត ដោយសារតែទុំពុំបានប្រើប្រាស់គំនិត
ឬប្រាជ្ញារបស់ខ្លួនមកដោះស្រាយបញ្ហាចំពោះមុខ។
ជាការពិតណាស់ បើសិនជាផ្នែកតាមសកម្មភាពទុំបានបង្ហាញថា
ទុំពិតជាមានកម្មទើបបានត្រូវអរជូនយកទៅសម្លាប់បែបនេះ
ព្រោះថាជោគវាសនារបស់ទុំត្រូវបានព្យាករណ៍ជាមុន ដោយលោកគ្រូឧបជ្ឈាយ៍នៅវត្តវិហារធំ។
ចំពោះលទ្ធផលនៃការទស្សទាយនោះមានភាពអវិជ្ជមានច្រើនក្នុងដំណើរជីវិតទុំប៉ុន្តែទុំមិនត្រឹមតែមិនជឿតាមទំនាយប៉ុណ្ណោះទេតែទុំហ៊ានមានះលួចសឹកតែអង្គឯងដោយឥតក្រែងរអែងនោះឡើយ។
តួយ៉ាងក្រោយពីវិលត្រឡប់មកពីត្បូងឃ្មុំវិញទុំក៏កុហកលោកគ្រូថា
«គ្រោះថ្នាក់ជំពាក់ញោមស្រីបន់ ថាអន់ឲ្យខ្ញុំលាត្រឡប់ សឹកទៅឲ្យជាស្បើយកុំឲ្យថប់
ជួបចប់ដល់ចាស់ឈ្នះទាំងព្រម»។ សំដីរបស់ទុំ
បានធ្វើឲ្យលោកគ្រូមានការសង្ស័យយ៉ាងខ្លាំង ទើបលោកគ្រូចាប់ផ្ដើមទស្សន៍ទាយ
«លោកគ្រូស្ដាប់ជាក់កន្ទ្រាក់ក្ដារ» ឆ្នួនបូកជើងហារថាតៃហោង កុហកអញទេអាកន្ទ្រម
ស្រីចោមស្រូតបោលចោលមកលា។ អញវាយលេខលុបគ្រប់ជើងហារ លេខឆ្លើយឡើងថាអាកុំពារ
កុំពុះទម្លុះក្រែងវេទនា ឃើញជានេនពេជ្រគេចគ្រាន់បើ។ នេនពេជ្រសឹកុះខែបុស្សបាន ទុំឯងឈប់ខានបានប្រសើរ
ចាំដល់ពិសាខសិនសុំដើរ សឹកហើយត្រូវលើបានជាធំ»។
មិនតែប៉ុណ្ណោះទុំមានះលួចសឹកមិនបារម្ភពីឧបសគ្គ ចំពោះមុខឡើយ
ហើយសារភាពថានោះគឺជាកម្មដែលបណ្ដោយឲ្យខ្លួនហ៊ានប្រព្រឹត្តបែបនេះ។
ជាក់ស្ដែងមុនពេលលួចសឹកទុំក៏បានរៀបរាប់ «រួចថាអញនៅមិនបានឡើយ
ព្រះគុណខ្ញុំអើយហេតុតែកម្ម ជាកាលណានឹងប្រឹងទ្រទាំ ម្ល៉េះសមស្លាប់ខ្លួនមួនមែនពិត។
មិនស្ដាយផ្នួសប្រាណបានប៉ុនសក់ កម្មនាំកញ្ចក់ឲ្យងងឹតមោហ៍បាំងឆ្នាំងគ្របក្រសោបរឹត
គ្មានពិតគ្មានគួរលោកគ្រូខ្ញាល់»។ ភាពមានះនេះហើយ ដែលជាដើមហេតុនៃកម្ម ហើយក៏ត្រូវអរជូនសម្លាប់នោះ។
មួយវិញទៀត ក្នុងនាមជាបព្វជិតទុំបែរជាបំពានលើព្រះធម៌វិន័យនិងសីលធម៌
គឺមិនបានគោរពឱវាទព្រះពុទ្ធជាម្ចាស់នោះឡើយបានបំពានតាំងពីពេលបានឃើញនាងទាវមកម្ល៉េះ។
ដូចជាពេលទៅស្មូតផ្ទះនាងទាវទុំបំភ្លេចពាក្យទូន្មានរបស់ពេជ្រថា
ក្នុងនាមជាព្រះសង្ឃត្រូវមានការប្រុងប្រយ័ត្នគឺ «ថាដើរមានបួនខ្លួនជាសង្ឃ
ទើបត្រូវត្រង់ឥតមានមោះ បើដើរទៅក្ដីបាសកសោះ កេរកោះថ្លោះធ្លោយឲ្យមានប្រាំ»។ មានន័យថា
មិនលុះក្នុងអគតិបួនយ៉ាង មានឆន្ទាគតិ គឺលំអៀងព្រោះស្រឡាញ់ ទោសោគតិគឺលំអៀងព្រោះស្អប់
ភយាគតិគឺលំអៀងព្រោះភ័យខ្លាច និងមោហោគតិគឺលំអៀងព្រោះមិនដឹងល្ងង់ និងមិនច្បាស់ការណ៍។
ចំណែកប្រាំគឺសំដៅសីលប្រាំដែលមានបាណាតិបាតាគឺហាមប្រមាថជីវិតសត្វ មនុស្ស អទិន្នាទានា
គឺហាមចង់បានទ្រព្យអ្នកដទៃ កាមេគឺហាមមានស្នេហាខុសច្បាប់ មុសាវាទគឺហាមនិយាយកុហក
និងសុរាមេរ័យ គឺហាមសេពគប់គ្រឿងញៀនស្រវឹង។ ជាងនេះទៅទៀតនេនទុំមិនអាចកាត់បន្ថយកិលេស
ឬតណ្ហាក្នុងនាមជាអ្នកបួសបានបណ្ដោយឲ្យមនោសញ្ចេតនាអូសទាញស្នេហាខុសប្រពៃណី។
ដូចជាគ្រាន់តែបានឃើញនាងទាវភ្លាម ទុំក៏មានអារម្មណ៍ជ្រួលច្របល់
«រួននេះស្ដាប់ជាក់ភ្ញាក់ព្រើតប្រឹង ភ្នែកគន់សម្លឹងទៅមាត់ទ្វារ យល់ទាវឈរស្ទបដើររេរា
ស្ទុះស្ទាចូលក្នុងស្លុងចេញក្រៅ។...នេនយល់ដូច្នោះក្នុងពោះព្រួច
កាន់កួចកើតទុក្ខចុកឱរា ឱរូបហ្នឹងហើយទាវពុំងា មិនងាកបំពារបំពេរន»។
សរុបសេចក្ដីមកតាមភ័ស្តុតាងខាងលើនេះហើយ
ដែលបញ្ចាក់ថា ទុំពិតជាមានកម្មបានជាត្រូវអរជូនយកទៅសម្លាប់។
តើទុំពិតជាមានកម្មមែនឬយ៉ាងណា
បានជាត្រូវអរជូនសម្លាប់?
ផ្ទុយទៅវិញ
បើសិនជាគេធ្វើការវិភាគឲ្យបានស៊ីជម្រៅជាងនេះទៀត ប្រាកដឃើញថាទុំស្លាប់ព្រោះទុំមិនប្រើបញ្ញាត្រិះរិះចំពោះស្ថានការណ៍ដ៏តឹងតែងនោះទៅវិញទេ។
ដោយហេតុថាក្នុងកាលៈទេសៈនោះ បើសិនជាទុំស្វែងយល់ពីស្ថានការណ៍កំពុងតឹងតែង
ហើយប្រើសិទ្ធិអំណាចជាមន្ត្រីរាជវាំងក្នុងឋានៈជាម៉ឺនឯកម្ល៉េះសមទុំក៏មិនស្លាប់ដែរ។
តាមពិតព្រះរាជាមិនគាំទ្រអំពើរបស់អរជូនម៉ឺនងួនទេ គឺក្រោយពីទ្រង់ជ្រាបថា
អរជូនយកទាវមករៀបការជាមួយម៉ឺនងួនភ្លាម ព្រះអង្គមានព្រះទ័យក្រេវក្រោធយ៉ាងខ្លាំង
«ស្ដេចទ្រង់សណ្ដាប់សព្វវាចា ទ្រង់មានឱង្ការត្រាស់រួសរាន់ អាចោរអរជូនដូចពងមាន់
វាភ័ន្តហ៊ានភព្វនឹងម្លប់ពោធិ៍។ មិនដឹងខុសត្រូវស្រូវស្រងែ អាចោរដូចឆ្កែស៊ីសាច់គោ
វាហ៊ានទទឹងទោសត្រូវស្ងោរ អញស្ងោររាវរកស្ងោរខ្ទះដែក»។ ទន្ទឹមនឹងនោះ
ទុំមិនបានបង្ហាញរាជសាររបស់ព្រះរាជា និងមិនគោរពតាមបន្ទូលព្រះរាជា ដែលទ្រង់បានផ្ដាំមុនពេលចេញដំណើរ។
ដូចព្រះអង្គមានបន្ទូលផ្ដាំមុនពេលចេញដំណើរទៅត្បូងឃ្មុំថា «ឯទុំបើបានបន្ទូលទៅ
រួសរាន់ឲ្យត្រូវតាមសន្មត បើវាមិនស្ដាប់ឯងឆាប់បត់វិលមកឈប់អត់ឲ្យមើលវា»។
តាមពិតឱកាសរបស់ទុំមានច្រើន ទុំអាចប្រើរាជសារប្រើបន្ទូល ឬប្រើឈ្នួតខ្មៅដែលស្ដេចបានប្រទានធ្វើជាសញ្ញាប្រាប់ដល់ពួកអរជូន។
ជាក់ស្ដែងពេលមកដល់ត្បូងឃ្មុំបានស្លៀកឯកសណ្ឋានជាមន្ត្រីវាំង «ទុំឮពេជ្រប្រាប់ចាប់សំពត់
ហូលព្រែទាំងផ្នត់ទុំមើលទៅ យល់ឈ្នួតផាហ៊ុមសូត្រពណ៌ខ្មៅ សំពត់ព្រះចៅប្រោសប្រទាន។
ទុំស្លៀកហូលចាក់ជរបីជាន់ រូបមាន់សូត្រខ្សែសយមាសមាន ពាក់អាវបៃតងបំណងធ្យាន
ឈោងឈានបត់បែរប្រែស្រដី»។ ក្នុងស្ថានភាពនេះទុំពិតជាមានប្រៀបយ៉ាងខ្លាំងទៅលើគូបដិបក្ខរបស់ខ្លួន
ប៉ុន្តែគួរឲ្យស្ដាយទុំបែរជាបោះបង់ឲ្យកាសនេះ បង្កជាទុក្ខដោយខ្លួនឯងទៅវិញ
គឺទុំពេលទៅដល់ផ្ទះនាងទាវបែរជាផឹកស្រា ដើម្បីបង្កើនសេចក្ដីក្លាហាន ជាហេតុធ្វើឲ្យខ្លួនបាត់បងភាពជាម្ចាស់ការរហូតដល់ថ្នាក់ច្រៀង
អន្ទងហៅនាងទាវឲ្យចេញមកចាក់ស្រាឲ្យខ្លួនសមដូចដំណើររឿងបញ្ជាក់ថា «លើផ្ទះសំពះសួរគួរគាប់
មេបាចាស់ផ្កាប់មិនជួរឆ្មើង ទុំត្រូវស្រាខ្លាំងតាំងចចើង ឫកពារហាក់ថ្កើងដំឡើងគ្រូ»។ ពេលស្រវឹងទុំបានប្រកៀកប្រឱបនាងទាវបង្កបញ្ហា
«ទុំខិតជិតជួបរួមត្រកង បីហើយថើបផងថាទាវអញ ទាវអាងទុំប្ដីឥតគិតកាញ់ ខ្លាចគេចាក់បាញ់ចាញ់នរណា។ទុំថាមាសបងដងស្រាផឹក
បងផឹកសឹមក្រោកនាំកល្យាណ កល្យាណទៅក្រុងគាល់មហាក្សត្រាទ្រង់ប្រោសសន្ដោសទុក្ខ»។
អំពើបែបនេះ វាហាក់ដូចជាទុំកំពុងចំអកឲ្យអរជូនខ្លួនមានបុណ្យ មិនគិតកែកុនឆាប់រហ័ស
ចាប់អាទុំចោរចិត្តមានះ ទាញពីលើផ្ទះទម្លាក់ទៅ។ហៅអស់ពួកក្រុមនាំវាឆាប់ ចាក់បាញ់សម្លាប់កុំឲ្យនៅ
ធ្ងន់ផ្ទះធ្ងន់ដីអប្រិយត្រូវ កើតកេរអាស្រូវឥឡូវហើយ»។ គ្រាន់តែចប់ប្រយោគស្ទើរមិនទាន់ផង
អរជូននិងបក្សពួកក៏ចាប់ទុំយកទៅសម្លាប់ភ្លាម ដោយគ្មានញញើតសោះឡើយ។
សរុបសេចក្ដីមក
ទុំស្លាប់ពិតជាទុំមិនប្រើបញ្ញាត្រិះរិះប្រាកដមែន។
ជារួមទុំស្លាប់មកពីទុំមានកម្មផង
និងមកពីខ្លួនខ្វះការពិចារណាផង ព្រោះបើទុំមិនប្រព្រឹត្តអ្វីដែលជាកំហុសកក្នុងផ្លូវពុទ្ធចក្រ
និងអាណាចក្រ ក៏ទុំមិនអាចទទួលកំហុសដោយការសម្លាប់ពីអរជូនដែរ។ មួយវិញទៀតបើទុំមិនទន់ជ្រាយ
ចំពោះស្ថានការណ៍ កំពុងកើតមាននោះដោយប្រើបញ្ញាត្រិះរិះទុំក៏មិនស្លាប់ដែរ ហើយបើសិនជាសង្គមសម័យកាលនោះមិននិយមប្រើអំណាចផ្ដាច់ការម្ល៉េះទុំក៏មិនស្លាប់ដែរ។
ដូច្នេះមរណភាពនេះ សម័យកាលសង្គមជាអ្នកទទួលខុសត្រូវ ព្រោះសម័យនោះមិនទាន់មានច្បាប់ការពារសិទ្ធិមនុស្ស
ឬការការពារជីវិតមនុស្សដូចសម័យកាលនេះទេ។
ឆ្លងតាមការបកស្រាយខាងលើនេះ
បង្ហាញថាមតិនីមួយៗរបស់ប្រធានមិនទាន់ត្រឹមត្រូវទាំងស្រុងនោះទេ
គឺជាមតិដែលការពារតែគោលជំហរ ឬជាការគិតឃើញរៀងៗខ្លួនតែប៉ុណ្ណោះ។ តែទោះបីជាយ៉ាងណាក្ដី
ក៏មតិខាងលើ បានផ្ដល់ជាបទពិសោធន៍ដល់អ្នកសិក្សាអ្នកអានឲ្យចេះពិចារណារាល់ទង្វើរបស់ខ្លួនជៀសវាងពីដំណោះស្រាយណាមួយឈានទៅដល់កាបាត់បង់ជីវិត។
No comments: