1
សំណួរៈ តើការសិក្សាវប្បធម៌ទូទៅ
ចំណេះដឹងទូទៅត្រូវសិក្សាអំពីអ្វីខ្លះ?
ចម្លើយៈការសិក្សាពីវប្បធម៌ទូទៅ
ចំណេះដឹងទូទៅរួមមានចំណេះដឹងទូលំទូលាយលើគ្រប់សកម្មភាពសង្គម ដែលរួមមានដូចខាងក្រោមៈ
-ចំណេះដឹង ជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្ត្រ បច្ចេកទេស
ភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្បិ៍ សិល្បៈ ព័ត៌មាន ទំនៀមទំលាប់ប្រពៃណី
ការសិក្សា ការអប់រំ សីលធម៌ គុណធម៌ ចរិយាធម៌ ច្បាប់ទូន្មាន កីឡា ល្បែងកម្សាន្ត
មធ្យោបាយបច្ចេកទេស ទំនើបៗ ការបង្កបង្កើនផល ការដើរហើរ មុខរបរ វិជ្ជាជីវៈ
សេដ្ឋកិច្ច សង្គមកិច្ច នយោបាយទាំងក្នុង និងក្រៅប្រទេស
ពោលគឺរបៀបរៀបចំសង្គមឲ្យមានសណ្ដាប់ធ្នាប់ និងការរីកចម្រើន។
-ចំណេះពីអ្វីដែលខ្លួនមាន
ដែលល្អហើយត្រូវបានអ្នកផងទាំងពួងស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណកាល
ពោលគឺការស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ ព្រលឹងជាតិនិងអត្តសញ្ញាណជាតិ។
-ចំណេះអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិ
និងច្បាប់ សិទ្ធិ និងករណីកិច្ច ការទទួលខុសត្រួវ វប្បធម៌សន្តិភាព
ចំណេះដឹងរស់នៅក្នុងសង្គម ការកសាងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ
និងការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិស្ត្រី
សិទ្ធិកុមាររដ្ឋធម្មនុញ្ញ អនាម័យ និងសុខភាពជាដើម។
-ចំណេះដឹងស្ដីអំពីហិង្សានៅក្នុងគ្រួសារ
កត្តាដែលនាំឲ្យមាននូវអំពើហិង្សាក្នុងគ្រួសារ ផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ
និងច្បាប់ទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ។
-ចំណេះដឹងស្ដីបីបរិស្ថាន ការថែរក្សានិងការពារបរិស្ថាន
ដើម្បីឲ្យយល់ច្បាស់ថាបរិស្ថានជាប្រភពនៃជីវិតនៅលើផែនដី។
-ចំណេះដឹងស្ដីពីជំងឺអេដស៍
និងកាមរោគដែលជាជំងឺឆ្លងពុំអាចមានថ្នាំនឹងព្យាបាលបាន
និងយល់ច្បាស់ពីវិធីទប់ស្កាត់និងការការពារនៃជំងឺទាំងនេះ។
-ចំណេះដឹងរឹងមាំលើព្រឹត្តិការណ៍ជាតិនិងអន្តរជាតិ ជាពិសេស
ការយល់ដឹងពីបច្ចេកវិទ្យាទំនើបនៅលើសកលលោកទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។
-ចំណេះដឹងស្ដីពីគ្រោះថ្នាក់ចរាចរណ៍
ពីប្រភពមូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់និងវិធានការមធ្យោបាយទប់ស្កាត់ការពារនូវគ្រោះថ្នាក់នេះ។
ចំពោះសារៈសំខាន់នៃការសិក្សា លើវប្បធម៌ទូទៅ
ចំណេះដឹងទូទៅមានដូចជាៈ
-បណ្ដុះមនោសញ្ចេតនា ថែរក្សាការពារនូវអ្វីដែលជារបស់ជាតិខ្លូន
មរតកវប្បធម៌ជាតិពោលគឺ វប្បធម៌ អរិយធម៌រុងរឿងរបស់បុព្វបុរសដែលបានបន្សល់ទុកឲ្យ។
-ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌
អរិយធម៌របស់ជាតិតាមរយៈឥរិយាបថដេក ដើរ ឈរ អង្គុយ និយាយស្ដី ទំនៀមទម្លាប់ប្រពៃណី
ជំនឿសាសនា សិល្បៈផ្សេងៗច្រើនទៀត។
-ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិរបស់ខ្លួន
កែច្នៃឲ្យទៅជារបស់ជាតិខ្លួន ដែលស្របតាមដួងព្រលឹងរបស់ជាតិ។
-ចេះរកវិធី វិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌
អរិយធម៌បរទេសទាំងឡាយដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ខ្លួន។
-មានទុនក្នុងការពន្យល់ណែនាំមហាជន ទូទៅឲ្យគេយល់និងមានឆន្ទៈចេះស្រឡាញ់ជាតិ
សម្បត្តិវប្បធម៌ដែលនៅជុំវិញខ្លួនគេដែលជាមរតករបស់បុព្វបុរសរបស់យើងបានបន្សល់ទុកឲ្យមក។
-ចេះផ្សារភ្ជាប់ចំណេះដឹងទូទៅស្ដីពីវប្បធម៌ជាតិ អន្តរជាតិ
រួមជាមួយនឹងមុខវិជ្ជា
ឯកទេសផ្ទាល់ខ្លួនដើម្បីលើកកម្ពស់គុណភាពអប់រំសម្រាប់យើងទាំងអស់គ្នាដែលជាកូនខ្មែរ។
-ធ្វើការអប់រំឲ្យប្រជាពលរដ្ឋមានការស្វែងយល់កាន់តែស៊ីជម្រៅ
ទៅលើអត្តសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ។
-ចេះរស់នៅក្នុងសង្គមជាមួយគ្នាស្រឡាញ់រាប់អានគ្នា
គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណៈ ឋានៈ ពណ៌សម្បុរ ភេទ ជំនឿសាសនា...។
-ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌
ដើម្បីរស់នៅបានសមរម្យនៅក្នុងសង្គម។
-ចេះយកទ្រឹស្ដី
ឬដំបូន្មានទាំងឡាយណាដែលដឹកនាំមនុស្សឆ្ពោះទៅរកផ្លូវល្អមកអនុវត្តន៍។
-ស្គាល់កាតព្វកិច្ច
និងស្វ័យអប់រំខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ ពលរដ្ឋគំរូនៅក្នុងសង្គម។
-មានមនសិការនៅក្នុងខ្លួន
មានមុខរបរវិជ្ជាជីវៈ មិនរំលោភបំពានអ្នកដទៃ។
-ស្គាល់រវាងព្រំដែនសិទ្ធិ និងច្បាប់ករណីកិច្ច
និងការទទួលខុសត្រូវដើម្បីចៀសវាងការរំលោភបំពានសិទ្ធិ។
-មនុស្សត្រូវមានកាតព្វកិច្ចការពារប្រជាធិបតេយ្យ
និងប្រើប្រាស់ប្រជាធិបតេយ្យដោយត្រឹមត្រូវ។
-មានសាមគ្គីភាពល្អស្រឡាញ់យុត្តិធម៌ស្រឡាញ់មនុស្សជាតិទូទៅ។
-មានទំនាក់ទំនងជាមួយជាតិនិងអន្តរជាតិដោយមិនប្រកាន់ពូជសាសន៍
ពណ៌សម្បុរ ជំនឿសាសនាឡើយ...។
-ដើម្បីរួមចំណែកការពារបរិស្ថានស្ដារបរិស្ថាននៅកម្ពុជាឡើងវិញដោយការអប់រំនិងផ្សព្វផ្សាយចំណេះដឹងបរិស្ថាន
គឺជាសំណូមពរចាំបាច់មួយ និងជាបន្ទាន់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់
និងការពារដល់សកម្មភាពទាំងនេះ។
-កិច្ចការពារបរិស្ថាន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា។
-ការលប់បំបាត់ភាពក្រីក្រ
គឺជាចំណែកមួយដល់ការការពារគុណភាពបរិស្ថានផងដែរ។
No comments: