Privacy Policy Sitemap About Us Contact Us ផ្នែក(ច) - Study Sources

ផ្នែក(ច)


» ចងអ្វីមិនជាប់ស្មើសង្សារ ការអ្វីមិនស្មើការប្រតិបត្តិ ស្ងាត់អ្វីមិនស្មើនឹងចិត្តអរហត្ថ កាចអ្វីមិនស្មើចិត្តពាលា។
» ចងទូកបោះបង្គោល រិះរកថ្នោលពួរយុថ្កា (ការខ្យល់ព្យុះកាចជាក្រែងពានពាបោកបែកបាក់)។
» ចងជនលោភដោយឲ្យធនធាន​ ចងប្រាជ្ញកល្យាណដោយពាក្យសត្យចងអ្នកឆ្មើងឆ្មៃដោយប្រណិប័តន៍ ចងអ្នកល្ងង់ក្ដាត់ដោយបណ្ដោយតាម។
» ចចើងចងលាភរែងបាត់ធនទៅ។
» ចចេសមិនចង់ត្រង់ឈឺចាប់ មិនចង់ចាស់ស្លាប់ចាកធម្មតា តែចិត្តខ្ពើមស្អប់សីលចរិយា នេះជាអាការៈពាលជន។
» ចង់ដឹងភាពមនុស្សដោយសេពគប់ ចង់ដឹងភូមិភពដោយទស្សនា ដឹងពាលបណ្ឌិតដោយវាចា ចង់ដឹងអាត្មាត្រូវអប់រំ។
» ចង់គាប់ប្រើស្វះស្វែង រករៀនរិះសារពើក្ដី។
» ចង់គុណឲ្យទុក្ខ ចង់បានក្ដីសុខឲ្យស្វែងដើររក ឬ (ចង់គង់ឲ្យទុក)។
» ចង់ចេះឲ្យសម្លាបអាចារ្យ ចង់បានផ្លៃផ្កាឲ្យយកភ្លើងដុតគល់។
» ចង់ចេះឲ្យធ្វើល្ងង់។
» ចង់បានប្រាណជាប្រុសឲ្យទៀងទាត់ រៀងៗរាល់ជាតិអសង្ខេយ្យគួរវៀរប្រពន្ធអ្នកដទៃ និស្ស័យកាមេនឹងប្រែភេទ។
» ចង់បានសុខតត្រុកចូលក្រុមភាគច្រើន មិនក្រវើនមើលមុខក្រោយឲ្យច្បាស់ការ ឮតែផ្គរចាក់ទឹកចោលបង់អាសារ ដល់គ្មានភ្លៀងរត់ឆ្លេឆ្លាររកទឹកគ្មាន។
» ចង់ដឹងសេះលឿនដោយជវ័ន ចង់ដឹងគោគ្រាន់ដោយរទេះ ចង់ដឹងទឹកដោះដោយរួតកែះ ចង់ដឹងប្រាជ្ញចេះដោយចរចា។
» ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង ឬ(ចង់ពិសា ឲ្យរកអន្លក់)។
» ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធនទៅ។
» ចង់ធំឲ្យតូច ចង់ខ្ពស់ឲ្យទាប ចង់បានឲ្យបង់ ចង់ចេះឲ្យរៀន ចង់ទៀងឲ្យត្រង់ ចង់ស្រួលឲ្យស្រង់ ខ្លួនពិបាក។
» ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី។
» ចង់ល្អហួសមាឌ ចង់បានហួសខ្នាត កំរិតមាត្រា មិនបានដូចប៉ង បំណងប្រាថ្នា ខូចទាំងទ្រព្យា គួរបានក៏បង់។
» ចង់បានវាបង់ ចង់មានទ្រទ្រង់ ចង់ត្រូវបានខុស ចង់ខ្ពស់បានទាប ដោយហេតុកំហុស ដែលខ្លួនបណ្ដុះ បណ្ដោយឲ្យផល។
» ចង់បានហួសខ្នាត ច្រើនតែបង់ខាត ខកខូចលាភា ខាតបង់ចំណេញ ច្រើនហួសមាត្រា ដូចពាក្យចាស់ថា លាភរែងបាត់ធន។
» ចង់ច្រើនបានតិច ក្រោកដើររឹលរេច បានខាតទទេ ខំចេញជួញឆ្ងាយ ពុំបានទំនេរ ប្រែខាតបង់កេរ្ដិ៍ ដើមទុនចេញទៅ។
» ចង់ស្ដាប់សំឡេងដែលពីរោះ ចំពោះជាចង់គ្មានស្រាកស្រន់ ចង់ស្រូបរសក្លិនមិនឆ្អែតឆ្អន់ ព័ន្ធដោដ្ឋព្វាធម្មារម្មណ៍។
» ចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនធ្វើគ្រូមានគេរាប់។
» ចង់ដឹងខ្ញុំឲ្យមើលពេលធ្វើការ ចង់ដឹងវង្សាក្នុងពេលដែលកើតទុក្ខចង់ដឹងមិត្រក្នុងកាលភ័យមកផ្ទុក ចង់ដឹងប្រពន្ធកាលទុក្ខអស់សម្បត្តិ ឬ(កាលទុក្ខអស់សម្បត្តិ)។
» ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន។
» ចង់ស្រួចដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល។
» ចង់អោយគេកោតស្ញប់ស្ញែងក្រែងអំណាច ឲ្យគេខ្លាចគេសរសើរថាក្លាហាន តែតម្លៃខ្លួនមិនដល់ដូចស្មាន នោះនឹងបានតែវិនាសខ្លួនទេតើ។
» ចាក់អង្ករយកអង្កាម ឬ(កុំចាក់អង្ករយកអង្កាម)។
» ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល។
» ចាញ់បានជាព្រះ ឈ្នះបានជាមារ។
» ចាញ់ល្បែងអស់ទ្រព្យធន ចាញ់ប្រពន្ធអស់សិរី ចាញ់ក្ដីអស់គំនិត។
» ចានមួយរាវ លែងអីរណ្ដំគ្នា ឬ(ចានក្នុងរាវ...)។
» ចាបមួយនៅដៃប្រសើរក្រៃ ជាងចាបដប់នៅលើឈើ។
» ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
» ចាប់ការឲ្យជាប់បាន ខំប្ដូរប្រាណសម្រេចផល សាងជាតិចេកិច្ចកលស៊ូឲ្យដល់ទើបដាំដុះ។
» ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
» ចាប់ត្រីបានកុំឲ្យល្អក់ទឹក។
» ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានះ បង់ព្រះទៅសំពះឯបាយាប ខ្លះថា(បន់ព្រះ)។
» ចាប់ចោរ ចោរចាប់វិញ។
» ចាប់វល្លិមួយ រញ្ជួយរាល់ដើម។
»​ ចាយវាយក្រៅតម្រា នៅវិនាសធនធានផង ឬ(នូវវិនាស...)។
» ចាស់ដូងចាស់ត្នោត។
» ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ។
» ចាស់កោងកាន់ច្រត់ អួតអាងប្រគំ ក្លូរអួតផ្លុំ ប៉ីពកយកខ្យល់។
» ចាស់ធ្វើគួរយើងកោត ថាចាស់ឆោតថាមិនបាន អ្នកឆោតខុសលំអានសាច់សន្ដានសត្វក្រៀល។
» ចាស់ថានៅស្រុកស្រាស់បន្លា អារសាច់ជូនខ្លាកុំខ្លាចស្ដាយ វិជ្ជានឹងកើតមកពីកាយ កុំណាយខ្លាចនឿយគិតអោយយូរ។
» ចាស់ចើកបានចួននួនក្រមុំ ដោះក្បំពកប៉ុនផ្លែទន្លាប់ សែនស្រឡាញ់ពេញចិត្តប្រព្រឹត្តជាប់ របស់អ្វីក៏ផ្គាប់វាទាំងអស់។
» វាអើយឡើងកាលណាក៏អោយភ្លាម ស៊ូព្យាយាមអង្អែលទន្លាប់ស្រស់ស៊ីពុំបានក៏ស៊ូហិតតែរស ការទាំងអស់ជាហេតុបរាមុខ(បរាភវសូត្រ)។
» ចិញ្ចឹមបំពង់បាយ។
» ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមកូនខ្លា។
» ចិញ្ចឹមមនុស្សអោយមើលចិត្ត ចិញ្ចឹមសត្វអោយមើលចង្កូម។
» ចិញ្ចឹមគៅក្របី រកខ្សែវល្លិបោះក្រោយឃ្នង។
» ចិញ្ចឹមកូនខ្លា វាសងគុណ។
» ចិត្តជនអ្នកលោភដូចសាគរធំ ទន្លេប្រជុំពុំមានស្កប់ស្កល់ ទោះបីមានទ្រព្យនៅសេសសល់ គង់តែកិច្ចកលនៅពោលថាក្រ។
» ចិត្តចង់កុំអាលស៊ី យល់តែស្រីកុំអាលចង់។
» ចិត្តជាទេវទត្ត មាត់ជាទេវតា។
» ចិត្តដាច់នៅស្រី។
» ចិត្តល្អ ក្រខ្លួន។
» ចិត្តល្អក្រមិនយូរ ឬ(មិនក្រយូរ)។
» ចិត្តជាមេទ័ព ត្រូវច្បាំងប្រារព្ធ ទប់ទល់អន្ធការ បើចិត្តក្លាហាន មិនបានរួញរា ដល់ពេលទុក្ខា ភក្រ្តាញញឹម។
» ចិត្តរេបែរទៅខាងផ្លូវលោក តែងតែសោយសោកគួរអាណិត បើអែបនែបខាងផ្លូវធម៌ស្និទ្ធ ចេញពីងងឹតភ្លឺស្វាងទែង។
» ចិត្តល្អតាមកាល ភារៈធ្ងន់ស្រាលត្រូវបើកកិរិយា ធ្វើភាពប្រើសព្រៃនៅជិតមាត់ខ្លា ធ្វើឫកហាក្លា អង់អាចតាមកាល។
» ចិត្តឧបាទានគ្មានស្គាល់ទុក្ខ ភ្លេចមុខភ្លេចក្រោយអោយតែជួន ខំឱបបាច់ឆ្អឹងមិនដឹងខ្លួន ចំនួនបីរយកំណាត់ប្លាយ។
» ចិត្តនៃបុគ្គលកាលលោកធម៌ ប៉ះមិនញាប់ញ័រមិនសោកា ប្រាសចាកតម្រេកក្សេមក្សាន្តចិន្ដា ទាំងបួននេះជាសួស្ដីប្រសើរ ឬ(ជាមង្គលប្រសើរ)។ (មង្គលសូត្រ)
» ចិត្តចង់ធ្វើមាត់ថាធ្វើដៃមិនធ្វើ តើអំពើនោះកើតការយ៉ាងណា បានតែខំអាងសំណាងព្រេងជាប្រមាណ មុនជាខានបានឃើញផលដល់តិចឡើយ។
» ចិត្តក្នុងពាលលោក ផ្អែមតែពាក្យនិងសម្ដី កូនចៅទាំងប្រុសស្រីត្រាប់មនុស្សយ៉ាងហ្នឹង។
» ចុះទឹកក្រពើ ឡើងលើខ្លា។
» ចុះទូកកុំអោយចុះកន្សៃ ទៅព្រៃកុំអោយបាំងជំរុំ។
» ចូរមើលកាលវែង កុំមើលកាលខ្លី។
» ចូររកពូជល្អសាបព្រោះទុក តទៅអនាគតបើដីមានជី អោយផលចំហុតច្រូតកាត់ឆាប់ផុត ផុតភ័យអន្ដរាយ។
» ចូលស្ទឹងតាមបត់ ចូលទូកតាមកំពង់ ចូលស្រុកតាមប្រទេស។
» ចូលជិតព្រះអាទិត្យដោយខ្នង ចូលជិតកងអគ្គីដោយខាងពោះ ចូលជិតម្ចាស់ដោយភោគចន្លោះ ចូលឆ្ពោះបរលោកដោយឥតមោហ៍។
» ចូរព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ បានស្ករនិងទឹកឃ្មុំ ពួនក្នុងផ្ទះឆីម្នាក់ឯង។ ចៀសសត្វមានស្នែង៥០ហត្ថ ចៀសសត្វសេះហត្ថមួយរយរ៉ា ចៀសដំរីមានភ្លុកពាន់ហត្ថា ចៀសជនពាលាចេញចាកស្រុក។
» ចេកស្លាប់ព្រោះផ្លែ។
» ចេញពីខ្លួនមិនទាន់ធួននៅឡើយទេ ត្រូវគ្នាន់គ្នេរយកពីគេមកផ្សំផងទើបការនោះបានបែបបទល្អហ្មត់ហ្មង តាមបំណងប៉ងប្រាថ្នាក្នុងការល្អ។
» នេះគេថាកាច ប្រាជ្ញាគេថាព្រើល ឬ(គេចេះថាគេកាច គេប្រាជ្ញថាគេព្រើល)។
» ចេះច្បាប់មិនខ្លាចក្ដី ចេះវិន័យមិនខ្លាចអាបត្តិ ឬ(មិនខ្លាចសង្ឈ)។
» ចេះរបេះក្បាច់ ឬ(ច្រើនចេះរបេះក្បាច់)។
» ចេះពីរៀន មានពីរក ក្រពីខ្ជឹល។
» ចេះមួយចេះពីរអោយតែស្ទាត់ ប្រកបប្រាកដអ្នកចំណាន ជាហេតុចិញ្ចឹមជីវិតបាន សន្ដានជួយពឹងពំនឹងអឺយ ឬ(សន្ដានចូលពឹង...)
» ចេះដប់មិនស្មើប្រសប់មួយ ឬ(អ្នកចេះដប់...)។
» ចេះឯងមិនក្រែងចេះគេ ពូកែឯងមិនក្រែពូកែគេ។
» ចេះមិនឈ្នះចង់។
» ចេះមែនហើយតែនៅឡើយមិនទាន់ចេះ ព្រោះចំណេះច្រើនលើសលប់គ្រប់បែបយ៉ាង និងគុណនារាប់មិនបានមានជាតាង កុំអាលអាងថាចេះចប់សព្វអស់ហើយ។
» ចេះឯងអោយក្រែងចេះគេ។
» ដៃតូចខ្លួនទាប ចង់ឈោងចាប់ផ្កាយ។(១. មនុស្សចែ គឺមនុស្សតូចទាបពេកខុសខ្នាត។
» ចោរព្រៃហ៊ានដោយសារចោរស្រុក ខ្មោចក្រៅលុបខ្មោចក្នុងញ៉ាំងប្រទេសក្រៅមិនហ៊ានចូលមកច្បាំង បើមិនមានខ្មាំងក្នុងស្រុកក្បត់។
» ចោលសាច់ស្រវាឆ្អឹង ទំពារទៅរឹងបែររកសាច់វិញ។
» ចៅហ្វាយមានបុណ្យខុនមានស័ក្ដិ ចៅហ្វាយអប្បលក្ខណ៍អណ្ដូង ឬ(ខុនធ្លាក់តតូង)។
» ចំបាប់នឹងលោកសង្ឈ ខ្លាចអ្វីនឹងកាន់ព្រះកេសឬ(កុំខ្លាចកាន់ព្រះកេស)។ ១. កេស «ក្បាល»
» ចំណីច្រើនមុខច្រើនពិសា កូនច្រើនបាច្រើនល្អ ឬ(សម្លច្រើនមុខច្រើនពិសា)។
» ចំណីឆ្ងាញ់កុំទុកស្អែក ប្រពន្ធគាប់ភ្នែកកុំឲ្យដើរក្រោយ។
» ចំណែកជនមានចំណេះចេះវិជ្ជា គួរនាំគ្នាស្ញើចសរសើរតទៅចុះចំណែកជនគ្មានវិជ្ជាគ្នាធ្វើខុស កុំបន្ដុះគួរមេត្តាករុណាផង។
» ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ។
» ចំណេះជិះកឯង។
» ចាំក្បួនចាំឲ្យស្ទាត់ កុំអៀនប្រៀនផ្សំពាក្យពោល (សមពាក្យពោល)
» ច្បាប់ក្បួនតម្រា មែនមានខ្លឹមសារ គួរខំរៀនសូត្រ ឲ្យបានចេះដឹង គ្រាន់ជាចង្កូត នៃប្រាណរបូត ដល់ត្រើយជោគជ័យ។
» ច្បាប់កុំឈ្នះ (មានះ) មនុស្សពាលនឹងកាំភ្លើង គួរតែយើងពុំទទឹងរឹងខ្វាយខ្វល់ គួរបណ្ដោយឲ្យខ្លែងហើរទៅតាមកល តែអស់ខ្យល់មុខជាធ្លាក់ជាក់ប្រាកដ។
» ច្របាច់កចិន លៀនអណ្ដាតខ្មែរ។
» ច្រើនមកពីតិច ដោយចម្រើនកិច្ច ខាងការសន្សំ ដូចប្រឡាយតូច ក្លាយជាស្ទឹងធំ ហូរច្រាសច្រោះចំ យូររឹតធំសាយ។
» ច្រែះកើតពីដែក តែងតែទំពាស៊ីដែកវិញ(ពុទ្ធភាសិត)។

No comments:

Powered by Blogger.