Privacy Policy Sitemap About Us Contact Us តែងសេចក្ដី - Study Sources

តែងសេចក្ដី


តែងសេចក្ដី
(ប្រធានបែបពន្យល់)
ប្រធាន៖ មានទស្សនៈមួយបានពោលថា«រឿងទុំទាវបានបង្ហាញឲ្យឃើញពីជីវភាពរាស្ដ្រខ្មែរនាសម័យលង្វែក»។ចូរពន្យល់ ដោយឆ្លុះបញ្ចាំងតាមរយៈរឿងខាងលើនេះ។
សេចក្ដីអធិប្បាយ
          គេអាចធ្វើការសិក្សាស្រាវជ្រាវពីអតីតកាល អាស្រ័យដោយពឹងផ្អែកតាមរយៈប្រវត្តិសាស្ត្រ សិលាចារឹក ភូមិសាស្ត្រ ឬមួយតាមរយៈអក្សរសិល្ប៍ជាដើម ព្រោះអក្សរសិល្ប៍មានតួនាទីសំខាន់ ក្នុងការលើកយកជីវភាពមនុស្សមកឆ្លុះបញ្ចាំង ដើម្បីឲ្យអ្នកអានអ្នកសិក្សា បានស្វែងយល់ពីការពិតនាសម័យកាលនីមួយៗ។ ដោយមានបំណងក្នុងការសិក្សា ស្វែងយល់ដូចខាងលើនេះហើយ ទើបមានទស្សនៈមួយបានពោលថា «រឿងទុំទាវបានបង្ហាញឲ្យឃើញពីជីវភាពរាស្ត្រខ្មែរនាសម័យលង្វែក»។
          តើរឿងទុំទាវបានលើកយកជីវភាពរាស្ត្រខ្មែរ មកឆ្លុះបញ្ចាំងយ៉ាងណាខ្លះ?
          ដើម្បីជាជំនួយ ដល់ការបកស្រាយទស្សនៈប្រធានខាងលើ យើងគប្បីស្វែងយល់ន័យនៃពាក្យគន្លឹះប្រធានជាមុន។ «រឿងទុំទាវ»ជាចំណងជើងរឿង ដែលនិពន្ធឡើងដោយភិក្ខុសោម ហើយនិយាយពីប្រវត្តិស្នេហ៍ដ៏ឈឺចាប់របស់យុវជនខ្មែរ ក្រោមរបបសក្ដិភូមិនាសម័យលង្វែក។ រីឯ «ជីវភាព» គឺជាភាពនៃការរស់នៅចិញ្ចឹមជីវិតរបស់មនុស្ស ហើយ«សម័យលង្វែក»គឺសំដៅទៅលើសម័យកាលមួយដែលមាននៅក្នុងប្រវត្តិសាស្ត្រខ្មែរជាមួយនោះប្រទេសកម្ពុជា កំពុងតែកើតមានចម្បាំងជាច្រើនលើកច្រើនសាទៀតផង។ តាមគំនិតប្រធានមានន័យថា រឿងទុំទាវដែលនិពន្ធដោយកវីសោម បានបង្ហាញឲ្យឃើញពីការរស់នៅរបស់ប្រជារាស្ត្រខ្មែរនាសម័យលង្វែក។
          ជាការពិតណាស់ រឿងទុំទាវបានបង្ហាញឲ្យឃើញពីជីវភាពរាស្ត្រខ្មែរនាសម័យលង្វែក ព្រោះអក្សរសិល្ប៍មានតួនាទីសំខាន់ ក្នុងការផ្ដិតយកជីវភាពសង្គម នៅសម័យណាមួយមកឆ្លុះបញ្ចាំង ឬបង្ហាញឲ្យអ្នកសិក្សាបានស្គាល់។ ការឆ្លុះបញ្ចាំងនេះ ប្រព្រឹត្តទៅដោយផ្អែកទៅលើវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាសសរស្ដម្ភក្នុងការទ្រទ្រង់ សង្គមជាតិនីមួយៗ។ យ៉ាងណាមិញ ក្នុងរឿងទុំទាវកវីនិពន្ធក៏បានលើកយកការគ្រប់គ្រង នៅសម័យលង្វែកមកបង្ហាញឲ្យឃើញថា សម័យនោះប្រព្រឹត្តទៅគេប្រើអំណាចផ្ដាច់ការចាប់តាំងពីថ្នាក់កំពូលរហូតដល់មូលដ្ឋាន។​ ដូចជាអំណាចព្រះរាជា ឬអំណាចស្ដេចផែនដី គឺព្រះរាមាបានអនុវត្តមកលើអ្នកក្រោមបង្គាប់ ជាអំណាចផ្ដាច់ការសុទ្ធសាធ។ ដូចជាក្នុងការកាត់ទោសអរជូនម៉ឺនងួនដោយសារតែអរជូនប្រមាថទ្រង់ គឺហ៊ានយកទុំទៅសម្លាប់ ដែលហាក់ដូចជាមិនគោរពតាមព្រះរាជបញ្ជាទ្រង់ដែរ។ការដាក់ទោសប្រហារជីវិតដោយជីកកប់ត្រឹមកហើយរាស់នឹងរនាស់លើក្បាលទាំងរស់នោះជាអំពើអមនុស្សធម៌ហើយ តែទ្រង់បាន «...ធ្វើទុក្ខធ្វើទោសឲ្យអស់សូន្យ សន្ដានបងប្អូនបញ្ចូលងារ...» នោះចាត់ទុកជាអំពើដ៏សាហាវឃោឃៅមួយមកលើអ្នកត្បូងឃ្មុំទាំងមូល។ដោយហេតុថា អ្នកទាំងនោះមិនមែនជាអ្នកផ្សំគំនិតជាមួយម្ដាយទាវអរជូន និងម៉ឺនងួនទេ ហើយអំពើនេះចាត់ទុកជាអំពើព្រៃផ្សៃបំផុត។ ទន្ទឹមនឹងអំណាចព្រះរាជា គឺមានអំណាចស្ដេចត្រាញ់ ឬអំណាចចៅហ្វាយខេត្តត្បូងឃ្មុំ។ ដូចកវីបានពណ៌នា «ឧកញ៉ាអរជូនមួនមាំពេក ធម្មតាក្រោមមេឃទាបជាងភ្នំ មានរិទ្ធិអំណាចឥតជំនុំ កាប់ចាក់វាយដំពុំប្រណី»។មានន័យថាអំណាចស្ដេចត្រាញ់នៅពេលនោះ គេអាចកាប់សម្លាប់បុគ្គលណាមួយដោយពុំចាំបាច់ជំនុំជំរះក្ដីនោះឡើយ ដូចទុំជាដើម។ រីឯអំណាចមេគ្រួសារវិញ ក៏បានបង្ហាញតាមរយៈម្ដាយទារកដែលបង្ខំទាវឲ្យរៀបការជាមួយម៉ឺនងួនថា «មិនដេលសោះឡើយទាវអើយនំ ច្រឡើបើសធំម្ដេចជាងនាឡិ កូនគោកាចកាចកៀចដោយព្រៃវាល រោលរាលឈឺខ្លួនជួនដល់ស្លាប់»។បានសេចក្ដីថាមេគ្រួសារមានសិទ្ធិគ្រប់យ៉ាងក្នុងការសម្រចចិត្តទៅលើជោគវាសនាកូនៗ។ទាំងអស់នេះសុទ្ធតែជាអំណាចផ្ដាច់ការ ទោះបីមានរូបភាពផ្សេងគ្នាក៏ដោយក៏មានខ្លឹមសារផ្ដាច់ការដូចគ្នាដែរ។ ក្រៅពីការគ្រប់គ្រងកវីក៏បានបង្ហាញពីវិស័យសេដ្ឋកិច្ចផងដែរនៅក្នុងស្នាដៃដដែលនេះគឺប្រជារាស្ត្រនាសម័យលង្វែកបានប្រកបមុខរបរកសិកម្មដើម្បីចិញ្ចឹមជីវិត។ ដូចជានេនទុំ និងនេនពេជ្របាននាំគ្នាយកតោកទៅដូរស្រូវនៅត្បូងឃ្មុំ។គេអាចនិយាយបានថា ក្រៅពីទុកបរិភោគស្រូវនេះ ក៏ជាផលិតផលមួយដ៏សំខាន់ក្នុងសម័យលង្វែកគេអាចធ្វើដំណើរតាមផ្លូវគោកក្នុងការដឹកនាំយកផលិតផលទៅលក់នៅតាមភូមិស្រុកនីមួយៗ ប្រព្រឹត្តិទៅតាមរយៈរទេះគោ ឬក៏អាចធ្វើដំណើរតាមផ្លូវទឹក ដោយមធ្យោបាយទូកបានផងដែរ។ ដូចករណីនាងទាវទៅលង្វែកទុំមកត្បូងឃ្មុំសុទ្ធតែជិះទូកដោយឆ្លងកាត់ភូមិស្រុកមួយចំនួននៅតាមជួរមាត់ទន្លេ។ លើសពីនេះទៀតក្នុងវិស័យដដែលនេះគេសង្កេតឃើញមានផ្សារលក់ដូរ ជាសម្ភារៈប្រើប្រាស់ផ្សេងៗក្នុងស្រុក។ដូចជានាងទាវពេលធ្វើដំណើរទៅលង្វែកក៏ឆ្លៀតឡើងផ្សារនៅភ្នំពេញ។ ចំពោះវិស័យវប្បធម៌វិញ​ត្រូវបានកវីលើកយកមកបង្ហាញដែរគឺសម័យនោះរាស្ត្រខ្មែរនិយមជឿទៅលើការទស្សន៍ទាយ កម្មផល និងមន្តអាគម។​ដូចជាទុំពេលវិលមកពីត្បូងឃ្មុំវិញក៏សុំលោកគ្រូសឹក តែគ្រូមិនឲ្យសឹក ព្រោះទំនាយត្រូវស្លាប់ហើយទុំក៏សម្រេចចិត្តលួចសឹកដោយចោទថា ស្នេហានេះកើតមកពីកម្មទីបំផុត ក៏ត្រូវស្លាប់ដូចជើងលេខនោះប្រាកដមែន។មួយវិញទៀត ទុំក៏បានសែកប្រេងម្សៅ បន្ទាប់ពីបានទទួលគ្រឿងបរិក្ខារពីនាទាវរួចមក ដោយរំលឹកដល់សារិកា លិនថោង ករវឹក សម្ពលីមណីចិន្ដា។ ចំណែកប្រពៃណីទំនៀមទម្លាប់វិញកវី ក៏បានឆ្លុះឲ្យឃើញបន្ថែមទៀតថាខ្មែរយើងតម្រូវ ឲ្យកូនស្រីពេញវ័យត្រូវចូលម្លប់ ដើម្បីសិក្សាវិជ្ជាគេហកិច្ចត្រៀមខ្លួនកសាងគ្រួសារនាពេលអនាគត។ ជាក់ស្ដែងនាងទាវដែលត្រូវនៅក្នុងម្លប់ ដោយបំពេញកិច្ចនានាតាមការបង្ហាត់បង្រៀនពីម្ដាយ។ ចំពោះកូនប្រុសពេញវ័យ ត្រូវបួសរៀននៅតាមវត្តអារាម ដែលមានលោកគ្រូឧបជ្ឈាយ៍ជាអ្នកបង្ហាត់បង្រៀន។ ដូចជាទុំ និងពេជ្រត្រូវបួសរៀននៅវត្តវិហារធំនិងត្រូវសិក្សាទាំងធម៌អាថ៌ទាំងអក្សរសាស្ត្រ ព្រមទាំងវិជ្ជាជីវៈដើម្បីឲ្យមានអាជីពនៅក្រោយពេលចាកសិក្ខាបទ។ រីឯពិធីចូលស្ដីដណ្ដឹងវិញ គឺធ្វើមុនពេលរៀបមង្គលការ ព្រោះខ្មែរយើងតម្រូវឲ្យកូនប្រុសចូលស្ដីដណ្ដឹងកូនស្រីជាមុនសិន ទោះបីកូនប្រុសស្ថិតក្នុងត្រកូលណាក៏ដោយ។ ដូចជាអរជូនដែលជាចៅហ្វាយខេត្តត្បួងឃ្មុំ បានចាត់ឲ្យអ្នកផ្លូវចៅមហាចូលចែចូវដណ្ដឹងនាងទាវ ដែលមានបណ្ណាការហែហមទៅជាមួយផង ហើយពិធីមង្គលការបានប្រព្រឹត្តទៅនៅគេហដ្ឋានខាងស្រី ដោយបានធ្វើកិច្ចទៅតាមពិធីផ្សេងៗ ដែលជាទំនៀមទម្លាប់ខ្មែរ។
          សរុបសេចក្ដីមករឿងទុំទាវ ពិតជាបានបង្ហាញឲ្យឃើញពីជីវភាពរាស្ត្រខ្មែរនាសម័យលង្វែកប្រាកដមែន ហើយការបង្ហាញបែបនេះ គឺជាការបង្ហាញពីលក្ខណៈជាតិខ្មែរពិតៗ។
          ឆ្លងតាមការបកស្រាយខាងលើនេះ បានបង្ហាញឲ្យឃើញថា ទស្សនៈប្រធានផ្សារភ្ជាប់ទៅនឹងតម្លៃតថៈមួយ ក្នុងអរិយធម៌ដ៏សម្បូរបែបរបស់ជនជាតិខ្មែរដែលមានតាំងពីបុរាណកាលមកម្ល៉េះ។ ជាងនេះទៅទៀត ទស្សនៈខាងលើក៏បានរួមចំណែកអប់រំដល់កូនខ្មែរជំនាន់ក្រោយ ឲ្យស្គាល់ពីតម្លៃវប្បធម៌ជាតិ និងមោទនភាពជាតិ ព្រមទាំងឲ្យយើងចេះថែរក្សា និងការពារមរតកជាតិនេះឲ្យគង់វង្សស្ថិតស្ថេរ។

No comments:

Powered by Blogger.