ផ្នែក(ឃ)
ឃ
» ឃាត់កំហឹងដោយប្រឹងអត់ឲ្យបាន ឃាត់ពាលសាមាន្យដោយអាជ្ញា
បុគ្គលឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។
» ឃាត់ចិត្តចាកក្ដីស្នេហា ក្នុងកាមតណ្ហានាលោកិយ
ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន។
» ខុបឃិតជនពាលរាលទុក្ខដល់ខ្លួន។
» ឃុបឃិតបណ្ឌិត សុខមួយជីវិតឥតតុក្ខា
ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ ឃើញគេទៅកុំឲ្យខាន ឃើញគេបានកុំឲ្យទៅ។
» ឃើញឈើពុកកុំអាលដាក់គូថអង្គុយ ឬ(កុំអាលដាក់គូថលើ)។
» ឃើញដំរីជុះកុជុះតាមដំរី ឬ(ដំរីជុះ កុំជុះតាមដំរី)។
» ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។
» ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅសទើបថាបាន
បើបណ្ដោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។
» ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ
ពាលច្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា។
» ឃ្មុំកន្លង់វៀរបងឈើគ្មានផ្កា
សត្វម្រឹគាវៀរបងព្រៃភ្លើងឆេះ សត្វបក្សីវៀរឈើគ្មានផ្លែបេះ
ចោរតែងវេះវៀរចាកចោរបុព្វេ។
» ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក។
» ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ
ឬ(ពិសាក្រៃណានឹងឃ្លានអាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។
» ឃ្លេមិនខ្លាចទៅខ្លាចខ្លា(រឿងអាខ្វាក់អាខ្វិន)។
» ឃ្លោកលិច អម្បែងអណ្ដែត។
» ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
» ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។
» ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។
» ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។
» ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។
No comments: