ផ្នែក(ឈ)
ឈ
» ឈាមស្រែកស្បែកហៅ។
» ឈឺជើងធាត់ ឈឺមាត់ស្គម។
» ឈឺធ្ងន់យកដំរីទៅបន់ ដល់ជម្ងឺស្រន់យកពងមាន់ទៅថ្វាយ។
» ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់កុំយកខ្លួនបៀត
ឬថា(មនុស្សសាត់ព្រាត់ កុំយកជាគ្នា)។
» ឈើធំរលំឮខ្លាំង។
» ឈើល្អផ្កាក្រអូបសូម្បីមួយដើម
អាចស្រន់ក្លិនផ្សើមឈ្ងុយសព្វព្រៃដូចត្រកូលដែលកូនល្អប្រពៃ បានជាសិរីនៃវង្សញាតិផៅ។
» ឈើផ្លែចាញ់សន្លឹក ត្រីច្រើនទឹកល្អក់ពុំជា
ឬ(ឈើផ្លែច្រើនចាញ់សន្លឹក)។
» ឈើងាប់ពីចុង ដំរីស្លាប់ពីពុង មនុស្សស្លាប់ពីជើង។
» ឈើពុកកុំដាក់គូថលើ ឬ(កុំអង្គុយលើ)។
» ឈ្មួញទឹកពិតពឹងទូក រីឈ្មួញគោកពឹងរទេះ
សំណាងពឹងចំណេះប្រាជ្ញប្រាយចេះពឹងគម្ពីរ។
» ឈ្នះក៏ដោយចាញ់ក៏ដោយអោយតែត្រូវ
ទៅតាមផ្លូវដែលសុចរិតឥតចៀសវាង តាមគន្លងយុត្តិធម៌ល្អឥតល្អៀង កុំបញ្ឆៀងគិតលាភយស។
» ឈ្លោះនិងពាលឃើញពិបាកបន្ដិចហើយ
កុំស្មានឡើយថាពាលស្ដាប់សព្ទវាចា ទុកថាវែកញែកខុសត្រូវទៅផ្លូវណា
ក៏ពាលថាគេមិនស្ដាប់ច្បាប់អ្វីទេ។
» ឈ្នះអ្នកស័ក្ដិខ្ពស់ដោយលុតក្រាប
ឈ្នះអ្នកទន់ទាបដោយអោយទានបំបែកសាមគ្គីឈ្នះអ្នកក្លាហាន ឈ្នះអ្នកស្មើប្រាណដោយតស៊ូ។
» ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទំលាយ
ឈ្នះអ្នកខ្សោយដោយអោយសម្លបាយ ឈ្នះអ្នកស្មើកាយដោយព្យាយាម។
» ឈ្នះប្រទេសដទៃតែងល្បី ឈ្នះល្បែងអប្រិយវិសេសឯក
ឈ្នះខ្លួនៗឯងឧត្តមប្លែក ហៅឈ្នះចម្លែកលែងចាញ់វិញ។
» ឈ្នះអ្នកក្រោធដោយក្រឹត្យមិនក្រោធតប
ឈ្នះអសប្បុរសប្រកបដោយសប្បុរស ឈ្នះកំណាញ់ដោយអោយទ្រព្យរបស់
ឈ្នះបុរសឡេះឡោះដោយពាក្យសត្យ។
» ឈ្មោះខ្លួនបែបណា ខំធ្វើការអោយដូចឈ្មោះ។
» ឈ្មោះល្អក្រក្នុងលោក សិរីរត់រកអ្នកមានកេរ្ដិ៍ឈ្មោះ។
» ឈ្លោះនឹងស្រីនាំអោយហិន ក្ដីនឹងចិននាំអោយថោក។
» ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ
ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ។
» ឈ្លោះនឹងបរទេស កុំធ្វេសគំនិត។
No comments: